ប្រវត្តិសាស្រ្ត

ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោឬឧទ្យានជាតិភ្នំបូកគោ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ ភ្នំបូកគោមានកម្ពស់ 1075ម៉ែត្រធៀបទៅនឹងនីវ៉ូទឹកសមុទ្រ និងមានចម្ងាយប្រមាណ11គីឡូម៉ែត្រពីក្រុងកំពតទៅកាន់ជើងភ្នំ និងចម្ងាយ32គីឡូម៉ែត្រពីជើងភ្នំដល់កំពូលភ្នំ។ ភ្នំបូកគោត្រូវបានរកឃើញនៅឆ្នាំ1917 ដោយជនជាតិបារាំង និងត្រូវបានអភិវឌ្ឍឲ្យទៅជារមណីយដ្ឋាននៅឆ្នាំ1921 ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ នៅអំឡុងពេលនោះ ភ្នំបូកគោគឺជាទីកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់អភិជនបារាំងនិងរាជវង្សានុវង្ស។

ឧទ្យានជាតិភ្នំបូកគោ គឺជាឧទ្យានមួយក្នុងចំណោមឧទ្យានជាតិដ៏ស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា។ ភ្នំបូកគោ ល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងសម្រស់ព្រៃព្រឹក្សាធម្មជាតិដ៏ស្រស់បំព្រងល្អឯកគ្មានគូប្រដូចក្នុងតំបន់។ ពីលើកំពូលភ្នំ ភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពដ៏ពិចពិលរមិលមើលនៃទិដ្ឋភាពទីក្រុងកំពត ឆ្នេរសមុទ្រកែប ខេត្តព្រះសីហនុ និងកោះជាច្រើនដែលនៅខាងក្រោម។ ឧទ្យានជាតិភ្នំបូកគោ មានដើមឈើត្រូពិចដុះពាសពេញលើភ្នំ និងសត្វព្រៃជាច្រើនប្រភេទ ព្រមទាំងទឹកជ្រោះតូចធំដ៏ស្រស់ស្អាត ជាពិសេសគឺទឹកជ្រោះពពកវិលដ៏ល្បីល្បាញ។ ភ្នំបូកគោគឺជាទីកម្សាន្តធម្មជាតិដ៏សម្បូរបែបបំផុតមួយក្នុងព្រះរាជាណាចក្រកម្ពុជា មិនថាធម្មជាតិ អាកាសធាតុ ដំណើរកម្សាន្តរុករកឬសម្រាកលម្ហែនោះទេ សុទ្ធសឹងតែអាចធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍រីករាយស្រស់ថ្លានិងអនុស្សាវរីយ៍បំភ្លេចមិនបាន។

តើអ្នកដឹងទេ?
  • ភ្នំបូកគោ ត្រូវបានដាក់ជាឧទ្យានជាតិឈ្មោះថាឧទ្យានជាតិព្រះមុនីវង្សដោយព្រះរាជក្រឹត្យកាលពីឆ្នាំ1993 និងជារមណីយដ្ឋានមួយដែលត្រូវបានចាត់ទុកជាបេតិកភណ្ឌអាស៊ានដែលមានចំនួនតែ2ប៉ុណ្ណោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រមណីយដ្ឋាននេះមានផ្ទៃក្រលា1,400 គម2។
  • ភ្នំបូកគោគឺជាផ្នែកមួយនៃជួរភ្នំដំរី។ ពេលមើលពីចម្ងាយ រូបរាងរបស់ភ្នំមានរាងដូចជា«បូក»របស់សត្វគោទើបត្រូវបានគេហៅថាបូកគោរហូតមក។
  • រមណីយដ្ឋាននេះត្រួវបានកសាងឡើងដោយមានបញ្ចូលសាលារៀន ប៉ុស្តិ៍ប៉ូលីស ព្រះវិហារ និងមណ្ឌលកម្សាន្តដែលគេប្រសិទ្ធនាមថាឡឺបូកគោផាលេស(Le Bokor Palace)។ ឡឺបូកគោផាលេសគឺជាសណ្ឋាគារមួយដែលបានស្ថាបនាឡើងសម្រាប់អភិជនបារាំងដែលជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ទៅកម្សាន្តនៅថ្ងៃឈប់សម្រាកនិងជាពិសេសក្នុងរដូវក្តៅឬរដូវប្រាំងរបស់ខ្មែរយើង។ ភ្នំបូកគោ ត្រូវបានគេកោតសរសើរថាជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលនិងពិសេសជាងគេក្នុងតំបន់ភាគខាងត្បូងនៃប្រទេស ដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំ គឺចន្លោះពី15អង្សាសេទៅ25អង្សាសេ និងជួនកាលអាចធ្លាក់ដល់10អង្សាសេផងដែរ។ កាលពីទសវត្សឆ្នាំ1950និងឆ្នាំ1960សម្តេចព្រះបាទនរោត្តម សីហនុ និងអភិជនខ្មែរជាច្រើនក៍ជ្រើសយកភ្នំបូកគោនេះជាកន្លែងសម្រាប់ការលម្ហែកាយនារដូវក្ដៅផងដែរ។
  • អ្នកអាចរីករាយជាមួយទេសភាពដ៏ខៀវស្រងាត់និងបរិយាកាសដ៏ស្ងប់ស្ងាត់មនោរម្យនៅលើរមណីយដ្ឋានភ្នំបូកគោបានពេញមួយឆ្នាំ។ ពេលវេលាក្នុងការទៅកម្សាន្តដ៏ល្អបំផុតគឺនៅចន្លោះខែវិច្ឆិកាដល់ខែកុម្ភៈ។ ប្រសិនបើអ្នកទៅកម្សាន្តនៅចន្លោះខែមិថុនាដល់ខែកញ្ញាវិញនោះ អ្នកអាចនឹងជួបនូវភាពត្រជាក់និងសើមដែលជាទិដ្ឋភាពដ៏ប្លែកអារម្មណ៍មួយដែរ។
  • នៅទសវត្ស1950 មានចំការតែមួយដែលដាំដោយជនជាតិជប៉ុន។ ចំការតែនេះមានទីតាំងនៅផ្នែកខាងកើតនៃរមណីយដ្ឋានឋានសួគ៌បូកគោ ដោយមានរយៈពេលធ្វើដំណើរប្រមាណជា5នាទី។
  • រមណីយដ្ឋានឋានសួគ៌បូកគោជាសណ្ឋាគារមួយថ្មីរបស់ក្រុមហ៊ុនសុខាអូតែល ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសូគីមិច។ រមណីយដ្ឋានឋានសួគ៌បូកគោ គឺជារមណីយដ្ឋានលើកំពូលភ្នំខ្ពស់ដែលធំជាងគេនៅក្នុងប្រទេសកម្ពុជា និងមានបុគ្គលិកបម្រើការចំនួន70% ជាប្រជាជនរស់នៅខេត្តកំពត។